ប្រកួតជ្រើសរើសជើងខ្លាំង!

    សំនួរល្បងប្រាជ្ញា

        កាលពីយប់មិញ មានបើកកិច្ចប្រជុំពិភាក្សាមួយដើម្បីស្វែងរកជើងខ្លាំងឆ្លើយសំណួរផ្សេងៗដែលទាក់ទង​

        នឹងគណិតវិទ្យា និងរូបវិទ្យាផងនៅបន្ទប់ញ៉ុម, (អត់មានបានដេកពេញម៉ាយប់ នៅជជែកគ្នាទល់ភ្លឺ :) ) ។

        ឥឡូវញ៉ុមសូមស្រង់សំនួរខ្លះៗ ដែលបានដោះដូរយោបល់គ្នាកាលពីយប់មិញជាមួយមិត្តភ័ក្តិ និងបងៗ

        ដែលមករៀននៅយួនជាមួយគ្នា មកចែកជូនឲ្យអ្នកភូមិវឺតប្រេសយើង ស្វែងរកចំលើយ,

        សូមរីករាយនឹងសំនួរដូចតទៅ!!!!..

        ១. ហ្វូងក្របីព្រៃមួយ មានក្របីញីតែមួយក្បាលគត់ ក្រៅពីនោះគឺសុទ្ធតែក្របីឈ្មោល។ ហ្វូងក្របីនេះ

        ត្រូវការឆ្លងអូរមួយដែលមានក្រពើនៅចាំស៊ីតែពងក្របីឈ្មោល (ដល់ក ក្រពើនេះមិនដឹងជាញីរឺឈ្មោលទេ

        បានសាហាវយ៉ាងនេះ :D )។ សួរថា តើក្របីមួយហ្វូងនេះត្រូវធ្វើយ៉ាងណាដើម្បីឆ្លងអូរនេះដោយសុវត្ថិភាព ??

        (សំណួរចាស់គំរិល :) )

        ២. គេមានជញ្ជីងមួយ និងដំរីមួយដែលមិនទាន់ដឹងទំងន់។ សួរថាតើគេត្រូវធ្វើម៉េចដើម្បីដឹងពីទំងន់របស់ដំរី

        បើជញ្ជីងនោះអាចថ្លឹងបានតែទំងន់ ១០០ គីឡូយ៉ាងច្រើន? (បញ្ជាក់ៈ ទំងន់ដំរីធ្ងន់ជាង ១០០គីឡូ) ។

        ៣. គេមានរង្វង់មួយដែលមិនទាន់ដឹងទីតាំងផ្ចិត។ សួរថាតើគេត្រូវធ្វើយ៉ាងណាដើម្បីអាចរកផ្ចិតរបស់វាបាន?

        ៤. ចូរគូសរង្វង់មួយដែលមានផ្ចិត ដោយប្រើតែប៊ិច, ដែលការគូសនោះត្រូវគូសតែម្តងឲ្យបានទាំងផ្ចិតដោយមិន

        ឲ្យលើកដៃ? (បញ្ជាក់ៈ មិនអាចគូសឲ្យឃើញកាំនៅជាមួយរង្វង់នោះទេ) ។

        ៥. មានមនុស្សពីរនាក់តាងដោយ A និង B ។ A បាននិយាយថា៖ ខ្ញុំ គឺជាកូនរបស់ B តែ B បាននិយាយថាៈ

        ខ្ញុំ មិនមែនជាឳពុករបស់ A ទេ។ តើអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នា?

        ៦. មានកម្មករបីនាក់ត្រូវការលីឈើបីដើមតាមបញ្ជាមេការ ដែលបានបញ្ជាថាត្រូវលីឈើពីរដើមក្នុងមួយនាក់។

        តើកម្មករទាំងបីត្រូវធ្វើ យ៉ាងណាដើម្បីលីឈើតាមបញ្ជាមេការ ?

        ៧. ឳពុកកូនពីរគូចេញទៅបាញ់ទន្សាយនៅក្នុងព្រៃ ដោយម្នាក់ៗបាញ់បានទន្សាយមួយយួរត្រឡប់មកផ្ទះវិញ។

        ពេលត្រឡប់មកដល់គេឃើញមានតែទន្សាយបីក្បាល។ ចូពន្យល់មូលហេតុ? (ធ្លាប់ដាក់ម្តងហើយ :D )