ភ្លៀងធ្លាក់ជោកជាំខ្ទាំបេះដូងដី លិចវាលស្មៅខ្ចីប្រល័យស្នេហ៍
ខ្យល់បក់ខ្លាំងៗបំបោកបំបែរ ប៉ងបំបែកស្នេហ៍ឲ្យប្រែជាស្អប់។
ភ្លៀងធ្លាក់បញ្ជាក់ពីវណ្ណៈភាព វាលស្មៅស្មើប្រៀបបាននឹងគូគាប់
ដែលមានវាសនាចារឲ្យអភ័ព្វ មានស្នេហាជាប់ជួបនឹងក្បាំងចិត្ត។
ខ្យល់ព្យុះបក់បោកបំបែកបំបែរ ប្រៀបនឹងអ្វីដែរមាសមេស្នេហ៍ស្និទ្ធ?
គឺប្រៀបនឹងទ្រព្យល្អគាប់ពិសិដ្ឋ ថ្លៃថ្លាមែនពិតតែពិតពិសពុល។
ហេតុអ្វីលោកាឫស្យាយ៉ាងនេះ? ឲ្យព្រួយអ្វីម្ល៉េះពិបាកនឹងយល់
ឲ្យជួបគ្នាហើយម្តេចត្រូវទប់ទល់ តតាំងច្បាំងរុលទៅមុខមិនរួច។
វណ្ណៈស្នេហាខ្លាំងក្លាមែនពិត បំបាក់ដួងចិត្តលែងចង់គិតគួច
បេះដូងមានស្នេហ៍ប្រែឈឺព្រឺព្រួច ទទួលមិនរួចគំនួចបេះដូង។
វេលាទ្រាំស៊ូយូរឆ្នាំមកហើយ ឈ្មោះស្រស់ត្រាណត្រើយបងចារជាប់ទ្រូង
កើតជាដំបៅបានដៅស៊ីរូង តើស្រស់នួនល្អងមានដឹងឬទេ?
រលកគ្រាំៗបោកខ្ទាំខ្ទប់ច្រាំង នៅមិនអាចច្បាំងយកឈ្នះនឹងឆ្នេរ
ប្រៀបបានរូបបងខំប្រឹងព្រោះស្នេហ៍ នៅមិនអាចប្រែរនាំងវណ្ណៈ។
ជាតិនេះប្រហែលមិនអាចជួបជួន មិនអាចក្បែរស្ងួនទេស្រស់វរលក្ខណ៍
ព្រោះរនាំងរឹងមិនងាយបំបាក់ រនាំងវណ្ណៈធ្វើឲ្យបងចាញ់។
សល់ត្រឹមអក្ខរាចារលាស្រស់ស្រី ពាក្យស្នេហ៍ចរណៃខំច្នៃចំរាញ់
ចំរោះច្រោះយកពីចិត្តស្រឡាញ់ លួចខឹងលួចខ្នាញ់ជាយូរមកហើយ។
បើសិនជាមានជាតិក្រោយមែនពិត ប៉ងអស់ពីចិត្តឲ្យជួបត្រាណត្រើយ
កុំមានអ្វីមកបង្ខាំងស្នេហ៍ឡើយ បងនឹងបានឆ្លើយឲ្យអូនយល់ជាក់។
តែជាតិនេះកម្មសាងពីបុព្វេ ជួបស្នេហ៍មាសមេក្នុងក្បាំងវណ្ណៈ
បងត្រូវឈឺចាប់ឃាំងឃាត់ចិត្តស្ម័គ្រ បានត្រឹមលួចលាក់ក្នុងទ្រូងរបួស។
លាហើយៗលារៀងដរាប ស្នេហ៍បងមិនសាបនៅតែស្ម័គ្រស្មោះ
លាត្រឹមជាតិនេះចាំជាតិក្រោយចុះ សូមរក្សាឈ្មោះបុរសចាំស្នេហ៍៕
តែងដោយ កែវ សិរី
ស្តាប់ហើយធ្វើឲ្យខ្ញុំចង់រ៉ាយរ៉ាប់ បុរសឈឺចាប់ស្លាប់នឹងស្នេហា
នឹករឿងចាំស្នេហ៍ក្បែររំដួលផ្កា ដងស្ទឹងស្នេហានាដីសៀមរាប។
ដប់ប្រាំឆ្នាំហួសរបួសបេះដូង ក៏ដង្ហើមបងចងចិត្តពេញប្រៀប
នឹកភាពកក់ក្តៅនៅដីសៀមរាប ថ្ងៃទន់ទេរទាបរៀបឈរចាំស្រី។
ឱ!ដងស្ទឹងអើយម្តេចឡើយស្ងាត់ឈឹង ឈរធ្មឹងសញ្ជឹងទន្ទឹងចាំថ្លៃ
មិនបានជួបបងប្រែស្នងប្អូនស្រី ដួងចៃរីងរៃប្រែរស្មីច្បាស់។
នេះរឿងចាំស្នេហ៍ក្បែរស្ទឹងសៀមរាប នៅមានតទៀតអង្អៀតវែងណាស់
ជូនមីងច័ន្ទបូរណ៍ហូរចិត្តជ្រៅណាស់ កម្សាន្តប្តូរផ្លាស់សុខសះជម្ងឺ។
រឿងនេះរឿងពិតឥតបន្លំឡើយ
ខ្ញុំឈឺឥតស្បើយព្រោះលួចស្នេហ៏គេ
តែទ្រាំស៊ូរស់បៀមទុក្ខព្រោះស្នេហ៍
ជូនពររូបគេឲ្យបានសុខា។
រឿងស្នេហ៍រឿងស្និទ្ធនាដីសៀមរាប
ខ្ញុំពុំដែលជ្រាបដឹងលឺឡើយណា
តែនេះរឿងខ្ញុំពិតពុំមុសា
ត្រូវរងឈឺផ្សា គ្មានថ្ងៃនាស្បើយ។
កម្មអ្វីជាតិនេះកើតមកក្រខ្សត់
ត្រូវទ្រាំជូរចត់ កំណត់ខ្លួនហើយ
ថាត្រូវស៊ូរស់ ចាំចុះជាតិក្រោយ
ជាតិនេះហូសហើយ នឹងប៉ងជួបស្រី។
បើមានជាតិក្រោយ សុំឲ្យមានភ័ព្វ
វាសនាគួរគាប់ ជាគូចរណៃ។
ដោយផលបុណ្យខ្ញុំ ខំសាងសព្វថ្ងៃ
សូមឲ្យអ្វីៗដូចក្តីប្រាថ្នា!!
អរគុណដល់មិត្ត ចិត្តដ៏បវរ
បានចូលសាទរចូលរួមទស្សនា
ទំព័រកំសត់ កត់រឿងឈឺផ្សា
លាក់ទុកយូរយា ក្នុងគុកបេះដូង!